តុលាការខេត្តកំពង់ស្ពឺសម្រេចផ្ដន្ទាទោសលោក សុខ ស៊ុនណារ៉េត ដាក់ពន្ធនាគារ៤ឆ្នាំ

តុលាការខេត្តកំពង់ស្ពឺនៅថ្ងៃទី០៦ ខែសីហា បានសម្រេចផ្ដន្ទាទោសឪពុកអ្នកអត្ថាធិប្បាយនយោបាយ លោក ស៊ន តារា គឺលោក សុខ ស៊ុនណារ៉េត ដាក់ពន្ធនាគាររយៈពេល៤ឆ្នាំ រឹបអូសយករថយន្តនិងទូរស័ព្ទដៃរបស់លោក ពាក់ព័ន្ធនឹងបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។ សាច់ញាតិនិងមន្ត្រីសិទ្ធិមនុស្សបានចាត់ទុកការសម្រេចរបស់តុលាការ ថាជាការធ្វើបាបលើមន្ត្រីយោធាស្លូតត្រង់ខណៈប្រទេសជាតិកំពុងមានជម្លោះព្រំដែនជាមួយថៃ។

ការ​ប្រកាស​សាលក្រម​នេះ​បាន​ធ្វើឡើង បន្ទាប់​ពី​តុលាការ​បាន​បើក​សវនាការ​កាល​ពី​ថ្ងៃ​ទី០៩ ខែកក្កដា ពាក់ព័ន្ធ​នឹង​រឿង​គ្រឿងញៀន ដែល​សមត្ថកិច្ច​បាន​អះអាងថា រកឃើញ​ក្នុង​រថយន្ត​របស់​លោក សុខ ស៊ុនណារ៉េត។

កូន​ប្រុស​របស់​លោក សុខ ស៊ុនណារ៉េត គឺ​លោក ស៊ន សារ៉ាត់ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក​នឹង​ប្ដឹង​ទៅ​សាលាឧទ្ធរណ៍ ដើម្បី​ប្រឆាំង​ការ​សម្រេច​របស់​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​នេះ។

វា​ជា​រឿង​អយុត្តិធម៌ ដែល​គេ​បាន​ដាក់​ទណ្ឌកម្ម​លើ​មនុស្ស​ស្លូតត្រង់ និង​គ្មាន​កំហុស​បែប​នេះ។

—  លោក ស៊ន សារ៉ាត់

លោក សុខ ស៊ុនណារ៉េត អាយុ៦៦ ជា​មន្ត្រី​ទាហាន​សឹក​រង​កំពង់ស្ពឺ និង​បាន​ចូល​និវត្តន៍​នៅ​ឆ្នាំ២០២២។ លោក​ត្រូវ​បាន​មន្ត្រី​កងរាជ​អាវុធ​ហត្ថ​ចាប់​ខ្លួន​គឺ​ក្រោយ​លោក ហ៊ុន សែន ព្រមាន​ដក​តំណែង ចេញ​ពី​ក្របខណ្ឌ​ការងារ​រដ្ឋ បើ​លោក ស៊ន តារា បន្ត​រិះគន់​លោក ហ៊ុន សែន ត​ទៅ​ទៀត។

លោក​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធនាគារ តាំង​ពី​ថ្ងៃ​ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពី​សមត្ថកិច្ច​អះអាង​ថា បាន​រកឃើញ​គ្រឿងញៀន​ក្នុង​រថយន្ត​របស់​លោក ប៉ុន្តែ​លោក​បដិសេធ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច និង​តុលាការ​ជា​បន្តបន្ទាប់។

ជុំវិញ​បញ្ហា​នេះ មន្ត្រី​ជាន់ខ្ពស់​សមាគម​ការពារ​សិទ្ធិមនុស្ស លោក យី សុខសាន្ត បាន​យល់ឃើញ​ថា តុលាការ​គួរ​តែ​បើក​ការ​ស៊ើបសង្កេត​ឱ្យ​សាធារណជន និង​សាច់ញាតិ​អស់​មន្ទិល​សង្ស័យ ហើយ​តុលាការ​មិន​គួរ​កាត់ទោស​លោក សុខ ស៊ុនណារ៉េត ដោយ​គ្រាន់​តែ​សំអាង​តាម​សមត្ថកិច្ច​ដែល​អះអាង​ថា បាន​រកឃើញ​គ្រឿងញៀន​ក្នុង​រថយន្ត​របស់​លោក​ឡើយ។

ហាក់​ដូច​ជា​តុលាការ​កាត់​ទោស​គាត់​ដោយ​អយុត្តិធម៌ ធ្វើ​បាប​ផ្លូវ​ចិត្ត​គាត់ នៅពេល​ចង់​បាន​អ្វី​មួយ​ដែល​គាត់​មិន​បាន​ធ្វើ​តាម ហើយ​ធ្វើ​ទុក្ខបុកម្នេញ​ផ្លូវ​ចិត្ត​គាត់ នៅ​ពេល​គាត់​ចូល​និវត្តន៍​ហើយ មិន​ឱ្យ​គាត់​មាន​ក្ដី​សុខ​។

—  លោក យី សុខសាន្ត

លោក ស៊ន តារា បាន​សរសេរ​លើ​ហ្វេសប៊ុក​នៅ​ថ្ងៃ​ទី០៦ ខែសីហា​ថា ការ​ដាក់​គុក​ឪពុក​៤​ឆ្នាំ​ធ្វើ​ជា​ចំណាប់ខ្មាំង នឹង​បំបាក់​ទឹក​ចិត្ត​កង​ទ័ព​ដទៃ​ទៀត​ដែល​បាន​បម្រើ​ជាតិ ស្របពេល​កំពុង​ប្រឈម​នឹង​ការ​ឈ្លានពាន​ពី​ប្រទេសថៃ។ លោក​បាន​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ ជួយ​អន្តរាគមន៍​ដើម្បី​ឱ្យ​ដោះលែង​ឪពុក​លោក​មាន​សេរីភាព​ឡើង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។